ជូនជាពិសេសសម្រាប់អ្នក​ខ្ចី​លុយ​គេ គួរ​កុំ​បង្ហាញ​រឿង​ទាំង​នេះ​តាម FB បើ​មិន​ចង់​អាម៉ាស់​មុខ

សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ខ្ចី ហើយ​មិន​ទាន់​សង​ប្រាក់​អ្នក​ដទៃ កុំ​សូវ​អួត​រឿង​ទាំង​នេះ​នៅ​តាម FB ពេក គួរតែ​ចេះ​ក្រែង​ចិត្ត​ម្ចាស់​លុយ ក៏​ដូច​ជា​មិន​ធ្វើឲ្យ​គេ​និយាយ​ដើម​បាន។ ដូចនេះ ៥យ៉ាង​​កុំ​បង្ហោះ​លើ​បណ្ដាញ​សង្គម​អី ព្រោះ​បើ​គេ​ទារឬ​បក​អាក្រាត​អ្នក​អាច​គ្មាន​មុខ​ទៅ​ជួប​អ្នក​ដទៃ​បាន៖

១.សំញែង​សម្ភារៈ​ទំនើប

មនុស្ស​មួយ​ចំនួន​ខ្ចី​លុយ​គេ តែ​ពេល​មាន​លុយ​បែរជា​មិន​សង ហើយ​ទៅ​ទិញ​សម្ភារៈ​ដេញ​ឡើង​តាម​សេរី និង​ថត​សំញែង​បង្ហោះ​លើ FB ឬ IG ធ្វើ​ព្រងើយ។ អ្នក​គួរតែ​គិត​ថា ម្ចាស់​បំណុល​ក៏​ជា​មនុស្ស​ស្គាល់​គ្នា​ទាំង​ខាង​ក្នុង និង​ក្រៅ​បណ្ដាញ​សង្គម ដូចនេះ​ពេល​គេ​ឃើញ​អាច​នឹង​មិន​សប្បាយចិត្ត ឬ​ក៏​ទារ​អ្នក​នៅ​ពេល​នោះ​តែម្ដង។

២.ដំណើរ​កម្សាន្ត

អ្នក​សាក​គិត​ទៅ​មើស៍ អ្នក​មាន​ប្រាក់​ទៅ​ដើរ​លេង​យ៉ាង​សប្បាយ​នៅ​តាម​ទី​រមណីយដ្ឋាន​ផ្សេង​ៗ​សឹង​រាល់ខែ បែរជា​មិន​ព្រម​សង​ប្រាក់ ហើយ​ហ៊ាន​ថត​ផុសមិន​ខ្លាច​ចិត្ត​អ្នក​ឲ្យ​ខ្ចី​ទៀត។ ពេល​ខ្លះ​គេ​ក៏​ត្រូវ​ការ​លុយ​ប្រញាប់​ទៅ​ធ្វើ​រឿង​អ្វី​ផ្សេង​ៗ​ដែរ ដូច្នេះ​កុំ​ធ្វើឲ្យ​ម្ចាស់​លុយ​ដល់​ក ព្រោះ​អ្នក​អាច​នឹង​អាម៉ាស់​មុខ​ក្រោយ​បង្ហោះ​រូប​ទាំង​នោះ​ក៏​ថា​បាន។

៣.សម្លៀកបំពាក់

ឲ្យតែ​ចុង​សប្ដាហ៍​ឡើង គឺ​ដឹង​តែ​ទៅ​ផ្សារ​ទិញ​ខោអាវ​ថ្មី​ៗ​រហូត តែ​លុយ​ជំពាក់​​មិន​ព្រម​សងសោះ។ ម្ចាស់​លុយ​ដែល​ឲ្យ​ខ្ចី​ពេល​ឃើញ​បែបនេះ ពិតជា​ខឹង ព្រោះលុយ​គេមិន​ហ៊ាន​ចាយ​ខ្ជះខ្ជាយផថ សុខចិត្ត​សន្សំសំចៃ តែ​អ្នក​ខ្ចី​បែរជា​មិន​គិត​បែបនោះ​ទៅ​វិញ។

៤.ប្រាក់

ខ្លួន​ជំពាក់​ប្រាក់​គេ​រាប់ថ្ងៃ រាប់ខែ ​ឆ្នាំ បែរជា​ហ៊ាន​ផុស​បង្អួត​រូប​លុយ​ទាំង​ដុំ​ៗ​វិញ ដូច​ខ្លួន​ជា​អ្នក​មាន ធ្វើ​បែបនេះ​ដូចជា​ការ​ផ្ចាញ់​ម្ចាស់​លុយ​ពេក​ហើយ បើ​ទោះ​រូប​នោះ​មិនមែន​ជា​លុយ​អ្នក​ផ្ទាល់​ក៏​ដោយ។ម្ចាស់​លុយឃើញ​បែប​នេះអាច​ទ្រាំ​មិន​បាន និង​សួរនាំ​នៅ​លើបណ្ដាញ​សង្គម​តែម្ដង។

៥.ចូល​ហាង​ទំនើប

ជំពាក់​ប្រាក់​គេ​មិន​សង​ហើយ បែរជា​ចូល​ក្នុង​ហាង​ទំនើប​ញ៉ាំ​អាហារ​ថ្លៃ​ៗ ដើរ​លេង​ពេល​រាត្រី​មិន​ខ្វល់​ពី​អ្នក​ដែល​ឲ្យ​ខ្ចី​ប្រាក់។ ធ្វើ​បែបនេះ អ្នក​អាច​នឹង​ត្រូវ​អសោច​កេរ្តិ៍ឈ្មោះ ព្រោះ​ពេល​មាន​ការ​សំខាន់​ទៅ​ដើរ​ខ្ចី​គេ គ្មាន​នរណា​ឲ្យ​ទៀត​ឡើយ៕ Source: Kanha.sabay