អាណិតខ្លោចចិត្ត ពេលឃើញស្ថានភាពជំងឺតារាចម្រៀង និងកំប្លែង ងួន កែវពេជ្រពិសិដ្ឋ កាន់តែធ្ងន់ធ្ងរ ព្រោះតែជំងឺ….

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថានភាពជំងឺតារាចម្រៀង និងកំប្លែង ងួន កែវពេជ្រពិសិដ្ឋ កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីជំងឺមហារីកធ្វើទុក្ខរហូតត្រូវប្រើប្រាស់ខ្យល់ដកដង្ហើមអ៊ុកស៊ីហ្សែនជាជំនួយ។ ស្ថានភាពជំងឺកាន់តែដុនដាប ខណៈដែលការចំណាយ និងស្ថានភាពគ្រួសារកាន់តែយ៉ាប់យ៉ឺន។

ជាតា​រាចម្រៀង និងកំប្លែង ចូលចិត្តនិយាយលេងសើច និងសម្តែងឲ្យទស្សនិកជនសើចសប្បាយ បែរ​ជាមកត្រូវឈឺស្គមរីងរៃដេកនឹ​ងកន្ទេលព្រោះតែជំងឺមហារីកគួរឲ្យអាសូរ។ ​ដុំសាច់ដុះនៅលើទ្រូងខាងឆ្វេងគៀកជាប់នឹងបេះដូង បានធ្វើទុក្ខ​​​ និងបង្កើតឲ្យប៉ះពាល់ដល់ផ្នែកសួត និងបេះដូងដែលត្រូវឲ្យគ្រូពេទ្យបូបទឹកចេញជាប្រចាំ។ ​ជំងឺនេះបានធ្វើទុក្ខ​ជិតមួ​យឆ្នាំមកហើយរហូតដល់ក្រុមគ្រួសារព្យាយាមប្រឹងប្រែងព្យាបាលរហូតចំណាយទ្រព្យមានតម្លៃអស់ពីខ្លួន។

​យ៉ាងណាមិញ ក្រោយសំងំព្យាបាលខ្លួនអស់មួយរយៈពេលមកនេះ ស្ថានភាពជំងឺរបស់លោកនៅតែមិនទាន់បានធូរស្បើយនៅឡើយទេ ដែលជំងឺមហារីកក្នុងខ្លួនរបស់លោកកាន់តែវិវឌ្ឍធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និងពេលនេះទៀត លោក ងួន កែវពេជ្រពិសិដ្ឋ ត្រូវបានគេដឹងថា កំពុងដាក់ខ្យល់អុកស៊ីហ្សែន ដើម្បីជំនួយការដកដង្ហើម។

​មិនត្រឹមតែជំងឺដ៏កាចសាហាវកំពុងវាយប្រហារនោះទេ បើតាមសាច់ញាតិបានឱ្យដឹងថា ពេលនេះរូបកាយរបស់លោក ងួន កែវពេជ្រពិសិដ្ឋ ហាក់ត្រូវវិញ្ញាណខ្មោ​ចសណ្ឋិតទៀត​ផង ដោយលោកចេះតែរវើរវាយ និង មានស្មារតីមិននឹងនរ​ឡើ​យ​។ ​គួរបញ្ជាក់ដែរថា ក្រៅពីតារាចម្រៀង លោក ងួន កែវពេជ្រពិសិដ្ឋ ក៏ជាអ្នកផលិតវីដេអូមួយរូបដែរ ដែលកន្លងមកធ្លាប់បានផលិតវីដេអូកំប្លែងឲ្យបងប្អូនសើចសប្បាយ និងវីដេអូអប់រំមួយ​ចំនួនទៀត។

​ងួន កែវពេជ្រពិសិដ្ឋ បានព្យាយាមលាក់បាំងរឿងនេះទៅកាន់មិត្តភ័ក្តិ​ និងអ្នកគាំទ្រ ហើយលោកធ្លាប់បានចេញទៅព្យាបាលនៅប្រទេសថៃជាញឹកញាប់ និងមានបំណងវះកាត់ជំងឺដ៏កាចសាហាវនេះ ប៉ុន្តែដោយសារសុខភាព តារារូបនេះខ្សោយខ្លាំងទើបវេជ្ជបណ្ឌិតមិនប្រថុយនឹងការវះកាត់ទើបសម្រេចឲ្យមកបំប៉នសុខភាពនៅផ្ទះសិន។

​ប្រភពបន្តថា ស្ថានភាពជំ​ងឺតារារូបនេះនៅមិនទាន់បានប្រសើរឡើងនៅឡើយ ដែលពេលនេះគាត់ត្រូវការទាំងកម្លាំងចិត្ត និងថវិកាដើម្បីជួយដល់ការព្យាបាលបន្ត៕

ប្រភព៖http://rktnews.com