ត្រដរ​តែ​ធ្វើការ ស្នេហា​ក៏​មិន​គិត ចុង​ក្រោយ​នៅ​សល់​តែ​ភាព​ឯកា

ពេល​ខ្លះ​តែង​សួរ​ខ្លួន​ឯង​ថា នៅ​សល់​អ្វី​ជាប់​ខ្លួន​ក្រោយ​ពេល​ចេញ​ពី​ធ្វើ​ល្ងាច ក្រៅ​ពី​ភាពឯកា​ដែល​តែង​តាម​ជាប់​ខ្លួន​ពេល​ត្រលប់​មក​ផ្ទះ​វិញ។ ជឿជាក់​ថា​ក្នុង​ចំណោម​ពួក​យើង​ទាំង​អស់​គ្នា ប្រាកដ​ជា​ធ្លាប់​សួរ​ខ្លួន​ឯង​ថា ក្រោយ​ពេល​រវល់​ពេញ​មួយ​ថ្ងៃ​ពី​ការងារ​រួច​មក សល់​អ្វី​នៅ​ក្បែ​ខ្លួន​ក្រៅ​ពី​រូប​រាង​ដ៏​ទ្រុឌទ្រោម​ព្រោះ​ហត់​ពី​ព្រឹក​ ទល់​ព្រលប់។ អាច​និយាយ​បាន​ថា អ្វី​ដែល​នៅ​សេសសល់នៅ​លើ​ខ្លួន​យើង​នោះ​គឺ ទឹក​មុខ​ដែល​ធ្លាប់​ស្រស់​ប្រិមប្រិយ​កាល​យុវភាព នៅ​ពេល​នេះ​បាន​ប្រែ​ទៅ​ក្រៀម​ស្រពោន​ព្រោះ​អំណាច​នៃ​ពេល​វេលា​ទៅ​ហើយ។ ភ្នែក​ដែល​ធ្លាប់​ស្រស់​ថ្លា បូបូរ​ធ្លាប់​ពេញ​ដោយ​ស្នាម​ញញឹម នៅ​ពេល​នេះ​គឺ​ជំនួស​ដោយ​កែវ​ភ្នែក​អួរអាប់ បបូរ​ញញឹម​ទាំង​បង្ខំ។

នៅ​ពេល​យើង​ឈាន​ដល់​ចំណុច​ណាមួយ​នៃ​ជីវិត យើង​នឹង​ដឹង​ថា រាល់​ការ​លំបាក​ដែល​ធ្លាប់​ឆ្លងកាត់ នឹង​ធ្វើ​ឲ្យ​យើង​យល់​ពី​ជីវិត និង​សង្គម​កាន់​តែ​ច្បាស់​ជាង​មុន​ថា គ្មាន​អ្វី​ដែល​នឹង​រលូន​ជា​រៀង​រហូត​នោះ​ឡើយ គឺ​រមែង​តែង​មាន​បន្លា​តាម​ផ្លូវ​ជា​និច្ច។ គេ​តែង​ផ្ដល់​ដំបូន្មាន​ឲ្យ​គ្នា ទាន់​នៅ​ក្មេង​ត្រូវ​ព្យាយាម​ធ្វើ​ការ ទើប​ចាស់​ទៅ​ស្រណុក កុំ​ទាន់​អាល​គិត​រឿង​ស្នេហា​អី។ នៅ​ពេល​ជោគជ័យ​ហើយ ចាំ​គិត​ដល់​រឿង​មនោសញ្ចេតនា​ក៏​បាន។ ឃ្លា​នេះ ប្រសិនបើ​ប្រើ​សម្រាប់​មនុស្ស​ប្រុស​គឺ​គ្មាន​ទាស់​អ្វី​ឡើយ ព្រោះ​បុរស​នៅ​ពេល​ជោគជ័យ​ហើយ ស្នេហា​នឹង​រត់​ទៅ​រក​ដោយ​ខ្លួន​ឯង។

ផ្ទុយ​មក​វិញ បើ​ប្រាប់​ឲ្យ​មនុស្ស​ស្រី​ ចាំ​ជោគជ័យ​ហើយ ចាំ​គិត​ដល់​រឿង​ស្នេហា តើ​វា​មិន​អយុត្តិធម៌​ពេក​សម្រាប់​នាង​ទេ​ឬ? ចុះ​បើ​មួយ​ជីវិត​នេះ នាង​មិន​ជោគជ័យ​រឿង​ការងារ នាង​នឹង​ត្រូវ​នៅ​កណ្ដោចកណ្ដែង​មួយ​ជីវិត​មែន​ទេ?​ ខ្ញុំ​ធ្លាប់​បាន​ប្រទះ​ជា​ច្រើន​ករណី​មក​ហើយ ដែល​នារី​ជោគជ័យ មាន​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ដៃ តែ​ពេល​ត្រលប់​មក​ផ្ទះ​វិញ ក៏​មាន​ត្រឹម​ឆ្កែ និង​ឆ្មា​ប៉ុនា្មន​ក្បាល​ចាំ​ទទួល​តែ​ប៉ុណ្ណោះ។ នៅ​ខាង​ក្រៅ​មើល​ទៅ​នាង ក្លាហាន​ រឹង​មាំ​ក៏​ពិត​មែន តែ​ជ្រៅ​នៅ​ក្នុង​ចិត្ត នាង​ក៏​ត្រូវ​ការ​ភាព​កក់​ក្ដៅ​ដូច​មនុស្ស​ស្រី​ឯ​ទៀត​ដែរ។

មតិ​អ្នក​ជំនួយ​និយាយ​ថា ស្នេហា និង​ការងារ​មិន​អាច​ដើរ​ត្រសង​គ្នា​បាន​ឡើយ ប្រសិន​ជា​ចង់​ជោគជ័យ តែ​នេះ​អាស្រ័យ​ទៅ​លើ​មនុស្ស​តែ​ប៉ុណ្ណោះ ព្រោះ​អ្នក​ជោគជ័យ​ជា​ច្រើន​នៅ​តែ​មាន​សុភមង្គល​នឹង​ស្នេហា​របស់​ខ្លួន​ដូច​តែ​គ្នា​ហ្នឹង។ មនុស្ស​ស្រី​មាន​វ័យ​២០​ឆ្នាំ​តែ​ម្ដង​ក្នុង​១​ជីវិត​តែ​ប៉ុណ្ណោះ ហើយ​នេះ​ក៏​ជា​រយៈពេល​ដ៏​ស្រស់​ស្អាត​បំផុត​របស់​ខ្លួន​ដែរ បើ​មិន​ឆ្លៀត​ពេល​ចំណង​ស្នេហ៍​នៅ​ពេល​នេះ នោះ​អ្នក​នឹង​ស្ដាយ​ក្រោយ​ទៅ​ថ្ងៃ​ក្រោយ៕ Kanha.sabay