អ្នកខ្លាចបែកទ្រព្យ សុខចិត្តយកបងប្អូនសារលោហិតខ្លួនជាប្ដីប្រពន្ធ សូមប្រុងប្រយ័ត្នមានកូនកើតមកជាចម្លែកបែបនេះ…

ប្រភពពីផេកឈ្មោះ Médecin Life-ជីវិតគ្រូពេទ្យ បានឲ្យដឹងថា វេលាព្រឹកមួយនាថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១០ (៩ ឆ្នាំមុន) នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ខ្ញុំបានពិនិត្យមើលអេកូផ្ទៃពោះស្រ្តីម្នាក់ដែលមានគភ៌អាយុ ៥ ខែ កន្លះ ហើយប្រាប់គាត់ថា «កូនអ្នកមានភ្នែកតែមួយនៅចំកណ្តាល (cyclopie) អត់មានច្រមុះទេ (arhinie) ជាពិសេសមានដុះប្រមោយនៅលើថ្ងាសដូចដំរី (proboscis) និង មានទឹកដក់ក្នុងខួរក្បាលទៀត (hydrocéphalie : holoprosencéphalie » ។

គាត់សួរខ្ញុំថា « ហេតុអីបានជាបែបហ្នឹង ?» ខ្ញុំឆ្លើយប្រាប់គាត់ថា « មូលហេតុមកពី អ្នកនិងប្តីអ្នក ជាបងប្អូនជីដូនមួយនឹងគ្នា (ម្តាយ-ម្តាយ ជាបងប្អូនបង្កើត)» ។ ស្អែកឡើង ថ្ងៃទី ៩ កក្កដា ឆ្នាំ ២០១០ ក្រោយពេលស្រស់ស្រូបអាហារថ្ងៃត្រង់រួច ខ្ញុំដើរចូលមន្ទីរពេទ្យវិញ ស្រាប់តែឪពុកទារិកានោះស្ទុះមកប្រាប់ខ្ញុំថា « លោកគ្រូអើយ កូនខ្ញុំកើតហើយ មុខដូចលោកគ្រូប្រាប់ចឹង ខ្ញុំអត់ហ៊ានមើលមុខកូនទេ »។

បានដំណឹងភ្លាម ខ្ញុំក៏ឡើងទៅជាន់ទីមួយផ្នែករោគស្រ្តី ក្រឡេកឃើញភ្លាម មីងឆ្មបក៏យកទារិកានោះមកអោយខ្ញុំមើល បានឱកាស ខ្ញុំក៏យកទូរស័ព្ទ Nokia (សម័យ Nokia ឈានមុខ) ថតយករូបភាព ។ ករណីបែបហ្នឹង យើងអាចមើលឃើញតាំងពីពេលគភ៌មានអាយុ ៣ ខែម្លេះ ។ ប្រសិនបើទុកដល់គ្រប់ខែកើត ប្រហែលជាមានអ្នកសុំទឹកផឹកទៀតផងក៏មិនដឹង 😂😂😂 
នេះជាផលវិបាកធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺក្រូម៉ូសូម (dyschromosomie ជាពិសេស trisomie 13 ou 18 ) ដែលកើតភាគច្រើននៅលើប្តីប្រពន្ធដែលត្រូវជាបងប្អូនជាប់សាច់សារលោហិតនឹងគ្នា ។

ទំលាប់មិនល្អនៃប្រជាជនខ្មែរយើងមួយចំនួនដែលមានរហូតដល់បច្ចុប្បន្ន គឺ រៀបអាពាហ៍ពិពាហ៍កូនប្រុសស្រីដែលត្រូវជាបងប្អូនសាច់សារលោហិតនឹងគ្នា ក៏ព្រោះតែពួកគាត់គិតថា កុំអោយបែកទ្រព្យ ឬ ស្រួលដឹងពូជពង្សស្រាប់ …។

ការពិនិត្យអេកូផ្ទៃពោះ ពុំចាំបាច់ត្រូវការ 3D ឬ 4D នោះឡើយ ហើយក៏មិនត្រូវទាមទារ CD ផងដែរ ។ ត្រឹមតែការពិនិត្យដោយ 2D គឺ គ្រប់គ្រាន់ណាស់ទៅហើយ ប្រសិនបើយើងពិនិត្យអោយបានត្រឹមត្រូវទៅតាមពេលវេលានៃគភ៌ និង ថាតើពេលវេលាណាសមស្របសំរាប់ការមើលឃើញសរីរាង្គរបស់ទារក ពីព្រោះឆាប់ពេកអាចមើលមិនទាន់ឃើញ តែបើយឺតពេលពេកអាចនឹងហួសពេល ។ ស្រ្តីមានផ្ទៃពោះ ចាំបាច់ត្រូវតែពិនិត្យអេកូនៅពេលគភ៌មានអាយុ ៣ ខែ ៥ ខែ និង ៧ ខែកន្លះ ។
Source Tuy Pich