សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន៖ ដុតធូបសែនក្បាលទឹកទុកចោល ភ្លើងឆេះផ្ទះហ្មត់

ខេត្តបាត់ដំបង : អគ្គិភ័យមួយបានលេបត្របាក់ផ្ទះអស់០១ខ្នងកាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ នៅចំណុចក្រុមទី១១ ស្ថិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានគូសបញ្ជាក់អោយដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ០៥ម៉ែត្រX០៦ម៉ែត្រ សង់អំពីឈើតម្កល់គ្រឹះជញ្ជាំងក្តារនិងប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ សន នី ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្រុមទី១១ ភូមិបឹងចែង ឃុំស្នឹង ។

យោងតាមប្រភពពីម្ចាស់ផ្ទះ ឈ្មោះ សន នី បានអោយដឹងថា នៅមុនពេលកើតហេតុ លោកបានអុជធូបសែនចិនក្បាលទឹក រួចហើយក៏ដើរចេញទៅតូបខាងមុខផ្ទះដោយបាំងមើលមិនឃើញ លុះក្រោយមកក៏ស្រាប់តែមានអណ្តាតភ្លើងឆេះចេញមកយ៉ាងសន្ធោសន្ធៅភ្ញាក់ផ្អើលដល់អ្នកស្រុកមកជួយអន្តរាគមន៍ពន្លត់ដែរតែមិនអាចសង្គ្រោះបាន ដោយសារអំណាចភ្លើងខ្លាំងខ្កាពេក។

ម្ចាស់ផ្ទះដដែលបន្តថា សម្ភារៈខូចខាតរួមមាន
-ផ្ទះចំនួន០១ខ្នងខូចខាតអស់ទាំងស្រុង,
-ប្រាក់ខ្មែរចំនួន៣.៨០០.០០០រៀល,
-ប្រាក់ដុល្លាចំនួន១៥០ដុល្លា,

-ទូរស័ព្ទដៃចំនួន០១ គ្រឿង=១៧៥ដុល្លា,
-Fiwi ចំនួន០១គ្រឿង=៧៥ដុល្លា,
-គោយន្តកន្រ្តៃចំនួន០១គ្រឿង,
-គ្រែចំនួន០២គ្រឿង ព្រមទាំងខោអាវនិងសំភារះផ្សេងៗមួយចំនួនទៀត។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានអោយដឹងដែរថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរកំលាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់រួមនិងកំលាំងនៃអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌលបានចេញ
អន្តរាគមន៍ដោយប្រេីប្រាស់រថយន្តទឹកចំនួន០២គ្រឿងក្នុងនោះបានប្រេីទឹកបាញ់អស់ ចំនួន០១គ្រឿងផងដែរ៕ដោយ រៀម សាលី

ប្រភព៖ អេអិនអិន / ANN