គួរ​អាន! កើត​ជា​មនុស្ស​ត្រូវ​​រក​ឲ្យ​បាន​បរិញ្ញា​ពីរ​សន្លឹក​នេះ ទើប​​ស្លាប់​ទៅ​វិញ​មិន​ស្ដាយ​ក្រោយ

នៅ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​ទៅ មាន​ព័ត៌មាន​ដ៏​កក្រើក​មួយ​អំពី​តារា​ និង​អ្នក​ដឹកនាំ​កម្មវិធី​ដ៏​ល្បី​ឈ្មោះ​ម្នាក់​គឺ បណ្ឌិត អាភិវ៉ាត់។ លោក​បាន​រៀន​ចប់​​ថ្នាក់​បណ្ឌិត​ពី​សហរដ្ឋ​អាមេរិក និងជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការ​ភាព​ឥតខ្ចោះ​ជានិច្ច។ រាល់​អ្វី​ដែល​គាត់​ធ្វើ​គឺ​ត្រូវ​តែ​ល្អ​បំផុត​សូម្បី​តែ​លាង​ចាន លាង​ចាន​ហើយ​ក៏​ត្រូវ​យក​មក​ហិត​មើល ថា​ស្អាត​ពិត​ឬ​អត់​ដែរ។ ត្រលប់​មក​ប្រទេស​ថៃ​វិញ លោក​បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ នៅ​ពេល​មាន​សង្សារ​ សង្សារ​គាត់​គឺ​ជា​ស្រី​ស្អាត​ប្រចាំ​សាលា​តែ​ម្ដង។

នៅ​ពេល​​លោក​ទៅ​​បង្ហាញ​គម្រោង​ការងារ​ផ្សេង​ៗ​ លោក​តែង​សរសេរ​ត្រៀម​ចំនួន ៣​​ទុក​ជានិច្ច បង្ហាញ​គម្រោង​ទី​១​ហើយ បើ​អតិថិជន​មិន​ទិញ លោក​នឹង​បង្ហាញ​ទី​២ បង្ហាញ​ទី​២​ហើយ បើ​អតិថិជន​មិន​ពេញ​ចិត្ត​ទៀត លោក​នឹង​បង្ហាញ​គម្រោង​ទី​៣ ម្ល៉ោះ​ហើយ​មិន​សូវ​មាន​អតិថិជន​ណា​រួច​ផុត​ពី​កណ្ដាប់ដៃ​របស់​លោក​ទេ។ លោក​មាន​ផ្ទះ មាន​ឡាន មាន​កូន មាន​ប្រពន្ធ មាន​មុខ​ជំនួញ​មាន​ទាំង​កេរ្តិ៍ឈ្មោះ និង​អ្វី​គ្រប់​យ៉ាង។ ប៉ុន្តែ​លោក​ធ្វើ​ការ​​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក។

ពេល​ប្រពន្ធ​កូន​សុំ​ជួប គឺ​ត្រូវ​ទៅ​ជួប​នៅ​ការិយាល័យ​ជានិច្ច។ ក្រោយ​មិន​បាន​សម្រាក​ជា​យូរ​ នៅ​ថ្ងៃ​មួយ​លោក​ក៏​បាន​នាំ​គ្រួសារ​ទៅ​លំហែ​នៅ​ស្រុក Pak Chong ប៉ុន្តែ​លោក​​បាន​ដួល​សន្លប់​ក្រោយ​ភ្ញាក់​ពី​គេង​ថ្ងៃ ។ ភរិយា​របស់​លោក​បាន​ជូន​លោក​ទៅ​មន្ទីរ​ពេទ្យ ហើយ​ក៏​ពិនិត្យ​រក​ឃើញ​ថា​លោក​មាន​ជំងឺ​មហារីក​ មិន​មែន​ដំណាក់​កាល​ធម្មតា ប៉ុន្តែ​គឺ​ដំណាក់​កាល​ចុង​ក្រោយ​តែ​ម្ដង។ ការ​ពិត​ទៅ​មុន​នេះ លោក​ចេះ​តែ​មាន​បញ្ហា​សុខភាព​ខ្លះ​ដែរ ប៉ុន្តែ​ដោយ​សារ​គ្មាន​ពេល​ទៅ​ពិនិត្យ ដូច្នេះ​ហើយ​ពេល​នេះ​មិន​អាច​ព្យាបាល​បាន​ទៀត​ឡើយ។ លោក​បាន​​សម្រាក​នៅ​មន្ទីរ​ពេទ្យ ហើយ​ក៏​អនុញ្ញាត​ឲ្យ​កម្មវិធី​ទូរទស្សន៍​មក​​ធ្វើ​កំណត់ហេតុ​ជីវិត​របស់​លោក។ ​មុន​លោក​បាត់បង់​ជីវិត លោក​បាន​ទៅ​គេង​ឲ្យ​ឪពុក​ម្ដាយ​ជូត​ខ្លួន​ឲ្យ។ លោក​ប្រាប់​ថា​លោក​មាន​អារម្មណ៍​សង្វេគ​ខ្លួន​ជា​ខ្លាំង ព្រោះ​ជំនួស​ឲ្យ​​ខ្លួន​ជា​កូន​ត្រូវ​​មើល​ថែ​ឪពុក​ម្ដាយ បែរ​ឪពុក​ម្ដាយ​​ត្រូវ​​មើល​ថែ​កូន​​ទៅ​វិញ។ មុន​ស្លាប់ លោក​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Kom Chad Luek ថា៖ ពុក​​ខ្ញុំ​ធ្លាប់​ប្រាប់​ថា… កើត​ជា​មនុស្ស​ត្រូវ​មាន​បរិញ្ញា​ពីរ​សន្លឹក៖

១. បរិញ្ញា​ទី​មួយ គឺ “បរិញ្ញា​អាជីព” មាន​ន័យ​ថា​យើង​ត្រូវ​ចេះ​​ប្រកប​របរ​ចិញ្ចឹម​ជីវិត ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ជីវភាព​សមរម្យ និយាយ​ឲ្យ​ខ្លី​គឺ​មាន​លុយ​​សម្រាប់​ការ​ចំណាយ​នានា មាន​ផ្ទះ​រស់​នៅ​ខ្លួន​ឯង នេះ​ហើយ​ហៅ​ថា “បរិញ្ញា​អាជីព”។

២. ​បរិញ្ញា​ទី​២​គឺ “បរិញ្ញា​ជីវិត” ពុក​ខ្ញុំ​ប្រាប់​ថា​ខ្ញុំ​ប្រឡង​ធ្លាក់​មុខ​វិជ្ជានេះ​ទាំង​ស្រុង។ ខ្ញុំ​​រៀន​ចប់​ថ្នាក់​បណ្ឌិត​ពី​សហរដ្ឋអាមេរិក ទទួល​បាន​បរិញ្ញា​អាជីព ប៉ុន្តែ​បរិញ្ញា​ជីវិត​ខ្ញុំ​បែរ​ជា​ធ្លាក់។ ព្រោះ​អ្វី? ព្រោះ​ខ្ញុំ​ធ្វើ​ការ​រហូត​ដល់​ស្លាប់ ធ្វើ​ការ​រហូត​ដល់​ដាច់​ខ្យល់។

មុន​ទទួលមរណភាព លោក​បាន​សារភាព​ថា​លោក​បាន​ត្រៀម​គ្រប់​យ៉ាង​មាន​ផ្ទះ រថយន្ត សម្រាប់​កូន​និង​ភរិយា ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​លោក​មាន​គ្រប់​យ៉ាង លោក​បែរ​ជា​ភ្លេច​ផ្ដល់​រឿង​សំខាន់​មួយ​ឲ្យ​កូន និង​ភរិយា ហើយ​រឿង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​ឈឺចាប់​បំផុត។ អ្វី​ដែល​លោក​ភ្លេច​នោះ គឺ​លោក​ភ្លេច​ផ្ដល់​ពេល​វេលា ផ្ដល់​វត្តមាន​ក្នុង​នាម​ជា​ប្ដី និង​ឪពុក​សម្រាប់​ប្រពន្ធ​កូន ដោយ​សារ​រវល់​ធ្វើ​ការ​ធ្ងន់​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ។ ដូច្នេះ​ហើយ​ខណៈ​ដែល​យើង​​ខំ​ប្រឹង​ធ្វើ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត សូម​កុំ​ភ្លេច​លៃ​ពេល​វេលា​មើល​ថែ​សុខភាព​ខ្លួន​ឯង និង​មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើង​ផង​ ទើប​យើង​អាច​ទទួលបាន​សញ្ញាបត្រ​បរិញ្ញា​ទី​២។ រៀន​ដំណើរ​ជីវិត​ក្នុង​ផ្លូវ​កណ្ដាល កុំ​ដាក់​បន្ទុក​លើ​ខ្លួន​ឯង​ខ្លាំង​ពេក។

ធ្លាប់​មាន​អ្នក​សួរ​ព្រះពុទ្ធ​ថា​ តើ​អ្វី​ទៅ​ដែល​មាន​តម្លៃ​បំផុត​ក្នុង​លោក? អ្នក​ខ្លះ​ឆ្លើយ​ថា​លុយ អ្នក​ខ្លះ​ឆ្លើយ​ថា​ពេជ្រ អ្នក​ខ្លះ​ឆ្លើយ​ថា​មាស អ្នក​ខ្លះ​ឆ្លើយ​ថា​អំណាច អ្នក​ខ្លះ​ក៏​ឆ្លើយ​ថា​រាជបល្ល័ង្គ។ ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​ថា​មិន​មែន​ទាំង​អស់។ អ្វី​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​របស់​យើង​គឺ​សុខភាព និង​ជីវិតមនុស្ស​ដែល​មាន​សុខភាព​ល្អ​ មិន​ឈឺ​ថ្កាត់​ ទោះ​ផឹក​តែ​ទឹក​ធម្មតា​ក៏​ឆ្ងាញ់ មនុស្ស​ដែល​ចេះ​រីករាយ​ស្កប់ស្កល់​នឹង​ជីវិត មិន​បាច់​មាន​លុយ​ច្រើន ឬ​សម្ភារៈ​ទំនើបៗ ​ក៏​គេ​អាច​រស់​នៅ​បាន​យ៉ាង​មាន​ក្ដី​សុខ ៕ ប្រភព៖ likepost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន Kanha.sabay