ញាក់សាច់! ស្ត្រីម្នាក់វ័យ៣៦ឆ្នាំ មានកូន៤៤នាក់ រហូតសម្រេចកាត់ស្បូនចោល….

ស្ត្រី​សញ្ជាតិ​អ៊ូហ្គង់ដា​ម្នាក់​មាន​ឈ្មោះ​ថា Mariam Nabatanzi បាន​បង្កើត​កូន​រហូត​ដល់​ទៅ ៤៤ នាក់ នៅអំឡុង​ពេល​ ដែលនាង​ទើបតែមាន​វ័យ ៣៦ ឆ្នាំប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្ត្រី​រូប​នោះ ត្រូវ​បាន​គ្រូពេទ្យ​បញ្ជា​ឱ្យឈប់​យក​កូន​តទៅ​ទៀត

ហើយ​ពួកគេ​ក៏​បាន​សម្រេច​ចិត្ត​កាត់​ស្បូន​របស់​នាង​ចោល នេះ​បើ​តាម​សារព័ត៌មាន Courier Mail ។ Mariam ដែល​បច្ចុប្បន្ន​មាន​វ័យ ៤០ ឆ្នាំ កំពុង​ជួប​ប្រទះ​ផល​លំបាក​ក្នុង​ជីវិត រួម​ទាំង​ការ​ផ្គត់ផ្គង់​កូន​ៗ​របស់​នាង ។ នាង​បាន​រៀបការ​ជាមួយ​ប្ដី​របស់​នាង ដែល​មាន​វ័យ​បង​នាង ២៨ ឆ្នាំ នៅ​អំឡុង​ពេល​នាង​មាន​អាយុ ១២ ឆ្នាំ ហើយ​មួយ​ឆ្នាំ​ក្រោយ នាង​ក៏​បាន​ផ្ដល់​កំណើត​ដល់​កូន​ភ្លោះ​ដំបូង​របស់​នាង ។

៣ ឆ្នាំ​មុន Mariam ត្រូវ​បាន​ប្ដី​នាង​បោះបង់​ចោល ដោយ​ទុក​ឱ្យនាង​នៅ​មើល​ថែ​កូន​ចំនួន ៣៨ នាក់ ​ដែល​នៅ​រស់រាន ​តែ​ម្នាក់​ឯង ។ ម្ដាយ​របស់ Mariam និង​ បងប្អូន​នាង ៥ នាក់​ទៀត រួម​ទាំង ឪពុក​នាងផង បាន​ចាកចោល​នាង នៅ​ពេល​នាង​អាយុ​បាន ៣ ឆ្នាំ ។ ឪពុក ​នាង ក្រោយ​មក​ក៏​រៀបការ​ជាមួយ​ស្រី​ថ្មី ហើយ​ម្ដាយ​ចុង​នាង បាន​សម្លាប់​បងប្អូន​នាង​ទាំង​អស់ ដោយ​លាយ​អំបែង​កែវ​ក្នុង​ម្ហូប​របស់​ពួកគេ ។

Mariam អាច​ជៀសផុត​ពី​ការ​ស្លាប់ ដោយ​សារ​ពេល​នោះ នាង​បាន​ទៅ​លេង​ផ្ទះ​សាច់ញាតិ ។ នៅពេលបាន​ជួប​ប្រទះនូវ​ជីវិត​កម្សត់​ពិបាក​ កាល​ពី​ក្មេង​បែប​នេះ រួម​ទាំង​បាត់បង់​កូន​អស់ ៦ នាក់​ផង​នោះ ​បំណងប្រាថ្នា​ធំ​បំផុត​របស់ Mariam គឺ​ធ្វើ​យ៉ាង​ណា ឱ្យកូន​ៗ​របស់​នាង​សប្បាយ​ចិត្ត។