អ្នកជំងឺធ្លាក់ទឹកចិត្ត មិនមែនជាមនុស្សចូលចិត្ត Drama នោះទេ…

ខ្ញុំធ្វើបាបខ្លួនឯងអោយយំ ទើបបានធូរក្នុងអារម្មណ៍!ក្មួយស្រីកា (ឈ្មោះដាក់អោយ) អាយុ ២៥ ឆ្នាំ ត្រូវបានមិត្តភក្តិនាំមកពិគ្រោះជាមួយវេជ្ជសាស្ត្រផ្លូវចិត្តដោយ ការគេងមិនលក់ ស្ទះដង្ហើម ឆាប់ខឹង ចេះតែចង់យំ និងអស់កំលាំង។

បញ្ហារបស់ក្មួយស្រីកើតមានតិចៗប្រហែល ១០ឆ្នាំមកហើយ តែវាទើបតែខ្លាំងក្នុងអំឡុងប្រហែល៦ខែនេះទេ ព្រោះក្មួយស្រីមានអារម្មណ៍ថាក្មួយស្រីទ្រាំទ្រ និងសម្ពាធដែលក្មួយកំពុងទទួលនោះលែងបានទៀតហើយ។ជំងឺរបស់ក្មួយស្រីគឺបណ្តាលមកពីខ្វះភាពកក់ក្តៅក្នុងគ្រួសារ ព្រោះ ឪពុកម្តាយរបស់ក្មួយស្រីលែងលះគ្នា ជាង១០ឆ្នាំ មកហើយ។ ក្រោយពីលែងលះគ្នាមក ម្តាយក្មួយស្រីបានចាកចេញបាត់ទៅ ទុកក្មួយស្រី និងប្អូនអោយរស់នៅជា មួយឪពុក។ ទាំងម្តាយនិងឪពុកសុទ្ធតែមានប្តីប្រពន្ធថ្មីរៀងៗខ្លួន។

ក្មួយស្រីបានរៀបរាប់ ថាការរស់នៅជាមួយ ឪពុកគឺមានសម្ពាធផ្លូវកាយនិងផ្លូវចិត្តខ្លាំងណាស់ ព្រោះឪពុករបស់ក្មួយជាមនុស្សកាច ចូលចិត្តប្រើអំពើរហឹង្សាលើ ក្មួយទាំងផ្លូវកាយនិងផ្លូវចិត្ត គាត់ជាមនុស្សមិនទទួលយកការពន្យល់ មិនទទួលយកហេតុផលឡើយ ហើយក្មួយ តែងរងការជេរប្រទេច ទះកំផ្លៀង និងទាត់ធាក់ជាញឹកញយ។ ម្យ៉ាងទៀតការរស់នៅជាមួយម្តាយចុងដែលមាន អាយុលើសក្មួយស្រីតែ៣ឬ៤ឆ្នាំនោះ ក៏មិនមែនជាការងាយស្រួលដែរ។ ក្មួយស្រីមិនដែលបានជួបមុខម្តាយទេ គឺបានត្រឹមតែ ទូរសព្ទ័ទៅម្តាយប្រាប់ពីរឿងរ៉ាវដែលក្មួយស្រីជួប។

តែជារៀងរាល់ពេល ម្តាយបានត្រឹមប្រាប់ថា ”កូនត្រូវតែស៊ូទ្រាំ រស់នៅជាមួយឪពុក ដើម្បីជួយមើលថែរប្អូនៗ ២នាក់ទៀត”។ដោយទ្រាំទ្រលែងបាន ក្មួយស្រីបានរត់ចេញមកពីផ្ទះមកនៅផ្ទះជួលតែម្នាក់ឯងដោយទុកប្អូន២នាក់ទៀតអោយ នៅជាមួយឪពុក។ ការរស់នៅតែម្នាក់ឯងធ្វើអោយក្មួយស្រីមានអារម្មណ៍ធូរស្រាលទាំងផ្លូវកាយនិងផ្លូវចិត្តខ្លះដែរ ប៉ុន្តែរបួសផ្លូវចិត្តដែលក្មួយស្រីបានទទួលរងជាង១០ឆ្នាំមកហើយនោះ វាបានក្លាយទៅជាដំបៅក្នុងចិត្ត ដែលធ្វើអោយ ក្មួយស្រីបន្តឈឺចាប់ជាប់ជាប្រចាំ។ ជារៀងរាល់យប់ ក្មួយស្រីគេងមិនលក់សោះ តឹងទ្រូង បេះដូងលោតញាប់ ត្រជាក់ចុងដៃជើង មានអារម្មណ៍ក្រៀមក្រំ ស្រងេះស្រងោច ឯការ។

ដើម្បីជួយខ្លួនឯងទប់ទល់និងសភាពបែបនេះ ក្មួយស្រីត្រូវយំ អោយបានយូរទើបអាចមានអារម្មណ៍ស្រួលនិងអាចគេងលក់បាន។ តែភាគច្រើនក្មួយស្រីយំមិនចេញ ទេ ដូច្នេះក្មួយស្រីត្រូវវាយតប់ខ្លួនឯង ទះកំផ្លៀងខ្លួនឯង ដាល់ជញ្ជាំងរហូតដល់ក្មួយស្រីឈឺទើបអាចយំចេញ ហើយ អាចគេងលក់បាន។ក្នុងពេលកំពុងពិគ្រោះ ក្មួយស្រីយកដៃទាំងពីរអោបរិតខ្លួនឯងខ្លាំងណែន ហាក់ដូចជាក្មួយស្រីចង់មាននរណាម្នាក់ អោបខ្លួនអោយបានណែនខ្លាំងអញ្ចឹង ដែលហាក់ដូចជាបញ្ជាក់ពីការខ្វះភាពកក់ក្តៅ។ អវយវៈក្មួយស្រីពោរពេញ ទៅដោយស្មាមជាំ មុខក្មួយស្រីហើមនិងមានស្លាកស្នាមដែល ក្មួយស្រី វាយលើមុខខ្លួនឯង។

ក្មួយស្រីបានប្រាប់ថា ក្មួយស្រីមានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំងណាស់ តែក្មួយស្រីមិនមានគំនិតចង់សំលាប់ ខ្លួនទេ ព្រោះនៅមានការតាំងចិត្ត និងសង្ឃឹមខ្ពស់ក្នុងការធ្វើអោយជីវិតខ្លួនឯងបានប្រសើរជាងមុន។ ក្មួយស្រីបានសារភាពថា ពីមុនក្មួយស្រីគិតថាអ្នក ដែលគិតថាខ្លួនមានជំងឺធ្លាក់ទឹកចិត្តនោះគឺគេសុទ្ធតែជាមនុស្ស drama ឬ ជាមនុស្ស ចូលចិត្តសំដែងឆាកល្ខោនដើម្បី ទាក់ទាញការចាប់អារម្មណ៍ទេ តែឥឡូវក្មួយស្រីយល់ហើយថាជំងឺធ្លាក់ទឹកចិត្តគឺពិតជា ពិបាកមែន ហើយការព្យាយាម ដោះស្រាយវាតែម្នាក់ ឯងនោះគឺពិតជាពិបាកណាស់។ក្មួយស្រីបានទទួលរោគវិនិច្ឆ័យថាមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ង ហើយបានទទួលការប្រឹក្សាយោបល់ និងការព្យាបាល ដោយថ្នាំដែរ។ ក្រោយពីការព្យាបាលបាន១អាទិត្យ ខ្ញុំបានទូរសព្ទ័សួរសុខទុក្ខក្មួយស្រី។ ក្មួយស្រីមានក្តីរំភើបយ៉ាងខ្លាំង ដោយបានទទួលទូរសព្ទ័សួរសុខទុក្ខពីវេជ្ជបណ្ឌិត។

ក្មួយស្រីបញ្ជាក់ទាំងភ្ញាក់ផ្អើលថា ដំបូងក្មួយស្រីមានការមន្ទិល សង្ស័យក្នុងចិត្តចំពោះការព្យាបាល ក្មួយស្រីគិតថាថ្នាំគ្រាប់ល្អិតៗដែលលោកគ្រូអោយ លេប២គ្រាប់ក្នុង១ថ្ងៃ ធ្វើម្តេចនឹងអាចព្យាបាលក្មួយស្រីបាន ព្រោះក្មួយស្រីធ្លាប់លេបថ្នាំជាច្រើនគ្រាប់ពីការព្យាបាលមុនៗដែរ តែមិនបានធូស្រាលសោះ ចុះទំរាំតែថ្នាំ២គ្រាប់នោះតើវាម្តេចនឹងអាចជួយបាន? ក្មួយស្រីមានសង្ឃឹមយ៉ាងមុតម៉ាំថា ក្មួយស្រីនឹងបានជាសះស្បើយ ហើយនឹងអាចសំរេចក្តីបំណងរបស់ខ្លួនបាន។បំណងល្អពីវេជ្ជសាស្ត្រផ្លូវចិត្ត – បណ្ឌិត ឈឹម សុធារ៉ា – វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត