WHO ប្រកាសថា៖ វ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណា Covid-19 អាចនឹងរួចរាល់១៨ខែទៀត

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus) បានប្រកាសថា ការផលិតវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាថ្មី ដែលទើបតែមានឈ្មោះជាផ្លូវការ Covid-19 អាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខែខាងមុខនេះ ខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិននៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Tedros ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោកប្រធាន WHO បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង ព្រមទាំងវិធីសាស្ត្រព្យាបាល គឺជាផ្នែកមួយដ៏សំខាន់នៃរបៀបវារៈក្នុងការសិក្សាស្រាវជ្រាវ…

ប៉ុន្តែវាត្រូវការពេលវេលាខ្លះ ហើយខ្ញុំយល់ថា វ៉ាក់សាំងដំបូងអាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខាងមុខទៀតនេះ»។

លោក Tedros បន្ថែមថា នៅក្នុងរយៈពេលដែលមិនទាន់មានវ៉ាក់សាំង ប្រទេសទាំងឡាយគួរតែប្រើប្រាស់វិធានការដែលខ្លួនកំពុងអនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។

គួរជម្រាបថា គណៈកម្មការសុខាភិបាលចិនបានបញ្ចេញនូវរបាយការណ៍ថ្មី នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះដោយបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មីថ្មី ឬ Covid-19) បានកើនឡើងដល់១,១១០នាក់ និងឆ្លងជាង៤៤,២០០នាក់៕

ប្រភព៖ freshnewsasia