សង្វេគណាស់! ខំប្រឹងធ្វើការហួសកម្លាំងរយៈពេល ១៨ថ្ងៃជាប់ៗគ្នា បណ្ដាលឲ្យលោកស្រីវេជ្ជបណ្ឌិតម្នាក់បានបាត់បង់ជីវិត ស្របពេលដែលវីរុសកូរ៉ូណា កំពុងរាតត្បាតខ្លាំង

ចិន៖​ យោងតាមសារព័ត៌មានចិន Shanghai.ist បានចុះផ្សាយថា វេជ្ជបណ្ឌិតស្រីម្នាក់ឈ្មោះ Xu Hui វ័យ ៥១ ឆ្នាំ ជានាយករងនៃមន្ទីរពេទ្យមួយកន្លែងនៅក្នុងខេត្តណានជីងបានទទួលមរណភាពហើយ ដោយសារនឿយហត់នឹងការប្រយុទ្ធប្រឆាំងនឹងរីរុសថ្មីកូរ៉ូណារយៈពេល ១៨ ថ្ងៃជាប់ៗគ្នា។

បន្ទាប់ពីមរណភាពរបស់អ្នកស្រី Xu លេខាបក្សកុម្មុយនិស្ដ នៃខេត្តជាំងស៊ូ បានធ្វើការពិចារណាចាត់ទុកអ្នកស្រីគឺជាគំរូល្អសម្រាប់បុគ្គលិកពេទ្យដ៏ទៃទៀត។

យ៉ាងណាមិញ ក្រោយមានវេបសាយមួយរបស់ចិនបង្ហោះរឿងរ៉ាវទាក់ទងនឹងការស្លាប់របស់វេជ្ជបណ្ឌិតរូបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបញ្ចេញមតិចោទសួរជាសំនួរថា “ តើមានប្រព័ន្ធវេជ្ជសាស្ត្រណា ដែលលើកទឹកចិត្តគ្រូពេទ្យប្រឹងប្រែងធ្វើការរហូតស្លាប់ខ្លួនបែបនេះ? ” រីឯម្នាក់ទៀតលើកឡើងថា “ ដូច្នេះគ្រូពេទ្យគំរូគឺត្រូវស្លាប់? អ្នកនឹងបាត់បង់គ្រូពេទ្យល្អៗយ៉ាងលឿន បើអ្នកធ្វើបែបនេះ។ ”

ម្នាក់ផ្សេងទៀតក៏បានចោទសួរជាសំនួរ និងបញ្ចេញមតិផ្ទាល់ខ្លួនថា “ គំរូ? អ្នកកំពុងលេងសើចនឹងខ្ញុំមែនទេ? នាងបានស្លាប់ដោយមិនមានកំហុសអ្វីសោះ។ នាងអាចជួយសង្គ្រោះមនុស្សបានច្រើនថែមទៀត ប្រសិនបើនាងនៅមានជីវិត ។ ”

ទន្ទឹមនឹងនេះដែរ មានអ្នកនិយមលេងអុីនធឺណេតផ្សេងៗទៀត ក៏បញ្ចេញនូវអារម្មណ៍ប្រហាក់ប្រហែលគ្នា ជុំវិញការស្លាប់ដ៏សោកសៅរបស់អ្នកស្រី Xu ផងដែរ។ ក្នុងនោះដែរ មានម្នាក់បានសរសេរថា «ពួកគេជាមនុស្ស មិនមែនម៉ាស៊ីននោះទេ។ ពួកគេនឿយហត់ណាស់។»

ប្រភព ខ្មែរឡូត