វីវរធំហើយ! រកឃើញបុគ្គលិកម្នាក់នៃអាកាសចរណ៍កូរ៉េខាងត្បូង Korean Air មានផ្ទុកមេរោគ COVID-19

(សេអ៊ូល)៖ អ្នកបម្រើការងារមួយរូប (cabin crew) នៅលើយន្តហោះរបស់ អាកាសចរណ៍កូរ៉េខាងត្បូង Korean Air ត្រូវបានក្រុមអ្នកជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 ដែលបង្ខំឲ្យការិយាល័យរបស់ក្រុមហ៊ុននេះ នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឈន់ (Incheon) ត្រូវបិទទ្វារជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ Straits Times នារសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់កូរ៉េខាងត្បូងហៅកាត់ថា KCDC បានប្រកាសភ្លាមៗក្រោយពីការធ្វើតេស្តរកឃើញ «វិជ្ជមាន» ចំពោះបុគ្គលិក Korean Air ម្នាក់ខាងលើនេះ ហើយដោយឡែកការិយាល័យ ដែលបុគ្គលិករូបនេះធ្លាប់ធ្វើការ ក៏ត្រូវបិទទ្វារផងដែរ។

ពេលនេះអ្វីដែលអាជ្ញាធរកំពុងធ្វើ គឺការស៊ើបប្រវត្តិនៃការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងនៃបុគ្គលិក Korean Air រូបនេះ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀត ឲ្យពួកគេទៅទទួលការពិនិត្យសុខភាព៕

ប្រភព៖ freshnewsasia