ក្រុមអ្នកវាយប្រហារ បានចូលទៅលួចទិន្នន័យនៃការិយាល័យមេធាវីមួយ ដោយទាមទារទឹកប្រាក់ ៤២លានដុល្លារ ក្នុងនោះមានទិន្នន័យរបស់លោកប្រធានាធិបតី Donald Trump…

ក្រុមអ្នកវាយប្រហារ (hacker) ដូចជាមិនចេះនៅទំនេរសោះ ទោះបីជាក្នុងសម័យកូវីត-១៩ ក៏ដោយ

ពិតជាមិនចេះអស់មែនសម្រាប់ក្រុមអ្នកវាយប្រហារ ក្នុងការធ្វើសកម្មភាពវាយលុកទៅលើប្រព័ន្ធអុីនធឺណេតដើម្បីទាមទារផល់ប្រយោជន៍ផ្សេងៗ។ ដូចជាពេលថ្មីៗនេះបើតាមប្រភពពីសារព័ត៌មាន Forbes បានផ្សព្វផ្សាយថាមាន ក្រុមអ្នកវាយប្រហារមួយ (REvil) បានលួចយកទិន្នន័យប្រមាណ 756GB (gigabytes) ពីការិយាល័យមេធាវីដែលមានអតិថិជនភាគច្រើនជាសិល្បករល្បីៗមានដូចជា Lady Gaga, Bruce Springsteen, Ella Mai, Christina Aguilera, Mariah Carey, Bette Midler, Jessica Simpson, Priyanka Chopra និងក្រុមហ៊ុន Facebook ជាដើម។

ដំបូងក្រុមអ្នកវាយប្រហារ បានធ្វើការទាមទារប្រាក់ចំនួន ២១លានដុល្លារពីក្រុមមេធាវី ជាថ្នូរនឹងការមិនបញ្ចេញព័ត៌មានសម្ងាត់ទាំងនោះ ប៉ុន្តែចំនួនទឹកប្រាក់នេះត្រូវបានដំឡើងទៅ ៤២លានដុល្លារដោយពួកគេបានអះអាងថា មានទិន្នន័យរបស់លោកប្រធានាធិបតី Donald Trump ផងដែរ។

នេះជាការក្រើនរំឭកមួយសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានៅតាមបណ្តាញអុីនធឺណេត ដែលមានការពាក់ព័ន្ធទៅនឹងសុវត្ថិភាព និងទិន្នន័យរបស់អ្នកប្រើប្រាស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ និងត្រូវមានប្រព័ន្ធសុវត្ថិភាព កម្មវិធីកម្ចាត់មេរោគ ប្រើលេខសម្ងាត់ដែលលំបាកនឹងស្មានបាន កុំរក្សាទុកលេខសម្ងាត់ឬឯកសារសំខាន់ៗក្នុងកុំព្យូទ័រ ដើម្បីជៀសវាងការលួចយកទិន្នន័យមិនត្រឹមតែពីក្រុមអ្នកវាយប្រហារ ជាពិសេសពីមនុស្សដែលលោកអ្នកទុកចិត្តឱ្យប្រើ ឬអ្នកជួសជុលកុំព្យូទ័រខ្លះៗនោះតែម្ដង៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department