ល្បិចថ្មី សូមប្រយ័ត្ន! ពេលនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលបន្លំធ្វើបុគ្គលិកផ្ទះសំណាក់ យករថយន្តភ្លៀវទៅបាត់នោះ បានហើយ….

ជនសង្ស័យដែលបន្លំធ្វើជាបុគ្គលិក ផ្ទះសំណាក់ ចូលយកសោរថយន្ដពីភ្ញៀវក្នុងផ្ទះសំណាក់ នៅខេត្តតាកែវ ហើយបើករថយន្តយកទៅបាត់ ត្រូវបានអាវុធហត្ថជំនាញនៃការិយាល័យស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ អាវុធហត្ថ ខណ្ឌជ្រោយចង្វារ ដូនពេញ និងចំការមន ឃាត់ខ្លួនបាន នៅកោះពេជ្រ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ជនសង្ស័យមានល្បិចខ្ពស់ណាស់ ដោយបានបន្លំធ្វើដូចជាបុគ្គលិកផ្ទះសំណាក់ជួយលើកឥវ៉ាន់ដាក់ចូលបន្ទប់ ហើយបានសុំសោរថយន្ត ពីភ្ញៀវដោយប្រាប់ថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ បន្ទាប់មកក៏បំភ័ន្តខាងម្ចាស់ផ្ទះសំណាក់ ធ្វើដូចជាសាច់ញាតិម្ចាស់រថយន្ត ហើយក៏លួចយករថយន្តជនរងគ្រោះជិះគេចខ្លួនបាត់តែម្ដងទៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ត្រង់ចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

រថយន្តដែលជនសង្ស័យបន្លំលួចទៅបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4443 របស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបានមកស្នាក់នៅផ្ទះសំណាក់ខាងលើ។ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានដូចខាងលើ ក៏ប្រគល់ជនសង្ស័យនិងរថយន្តជនរងគ្រោះ ឲ្យអាវុធហត្ថខេត្តតាកែវចាត់ចែងបន្តតាមនិតិវិធី៕

ប្រភព៖ Phnom Penh Gendarmerie