តោះស៊ែរបន្ត🙏🙏🙏 ពិសេសអ្នកមានជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម ពីការព្យាបាល និងស្វែងយល់ពីជំងឺនេះ…

អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហារសំបូរជាតិពុយរីន ច្រើនហួស រឺ អសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម (Hyperuricemia) ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើ សន្លាក់ តម្រងនោម។

ក) អាហារដែលសំបូរដោយសារធាតុពុយរីន (purines) មានដូចជា៖

  • ប្រភេទសាច់: គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ…) គ្រឿងសមុទ្រ
  • ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង
  • ប្រភេទបន្លែផ្លែឈើ៖ ផ្សិត, ស្ពៃក្ដោប, ខាត់ណា, ផ្កាខាត់ណា, ទំពាំងបារាំង និងសណ្ដែកខៀវ…

ខ) អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជាៈ

  • នំបុ័ង
  • ផ្លែឈើ
  • ទឹកដោះគោ
  • ស៊ុត
  • តែ កាហ្វេជាដើម។ល។

គ) រោគសញ្ញាទាំងនោះរួមមាន៖

  • ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ…)ជាពិសេសម្រាមមេជើង។
  • ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់
  • ក្ដៅខ្លួន
  • ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។
  • ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)

ឃ) មូលហេតុ និងកត្តារួមផ្សំ៖

  • ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ
  • លើសពី ៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ
  • មានមូលហេតុដ៏ទៃទៀតដែលអាចបណ្ដាលអោយមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរ ដូចជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។

ង) ការព្យាបាល៖

  • បន្ថយជាតិអាស៊ីតក្នុងឈាមដោយប្រើថ្នាំ ដោយមានការវាយតម្លៃភាពចាំបាច់ពីគ្រូពេទ្យ
  • បន្ថយការឈឺចាប់សន្លាក់
  • ការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម…។

ច) ដំបូន្មានសំរាប់អ្នកជំងឺឡើងជាតិអាស៊ីត៖

  • ជៀសវាងការបរិភោគអាហារដែលសំបូរជាតិពុយរីន (ដូចបានរៀបរាប់ខាងលើ)
  • ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ
  • ជៀសវាងការពិសាគ្រឿងស្រវឹង
  • ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន។
    “ចំពោះព័ត៌មានបន្ថែម និងការពិនិត្យលម្អិតតាមស្ថានភាពជាក់ស្តែងនៃជំងឺ សូមមេត្តាមកទំនាក់ទំនង និងជួបពិគ្រោះផ្ទាល់ជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត។”

ប្រភព៖ Laboratory