ពិតជាអស្ចារ្យណាស់!! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ពេញចិត្តទេពកោសល្យ ស៊ាប ឈៀងហេងសម្រេចផ្តល់ថវិកា ១ម៉ឺន​ដុល្លារ

ភ្នំពេញ៖ នៅក្នុងកម្មវិធីបង្ហាញសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talentរដូវកាលទី 2ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទេពកោសល្យដ៏អស្ចារ្យរបស់កុមារា ស៊ាប ឈៀងហេងនៅក្នុងការប្រឡងកម្មវិធី Cambodia’s Got Talent Season2នោះនៅថ្ងៃព្រហស្បតិ៍ ទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។ បានសម្រេចផ្តល់ថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ដល់កុមារារូបនេះ ដែលមានអាយុ ១២ឆ្នាំ មានសមត្ថភាពទេពកោសល្យ ផ្នែកអក្សរសាស្ត្រខ្មែរ និងចេះសុភាសិតខ្មែររហូតដល់ជាង​ ២,៦៣០សុភាសិត​។ដើម្បីបានសិក្សារៀនសូត្រ​ខ្ពង់ខ្ពស់​ ក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់របស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខនិងកោតស្ញប់ស្ញែងដល់កុមារា ស៊ាប​ ឈៀងហេងដែលមានចំណេះដឹង​ ថែមទាំងទេពកោសល្យ​ កម្ររកបាន។ ជាមួយគ្នានេះ លោកជំទាវបានផ្តាំផ្ញើដល់កុមារា ឈៀងហេងដែលជាសិស្សពូកែលេខ​ ១​ ក្នុងថ្នាក់​ឱ្យខិតខំប្រឹងប្រែងបន្តដើម្បីទទួលបាននិទ្ទេស​ Aពេលប្រឡងមធ្យមសិក្សាទុតិយភូមិ​ ហើយត្រូវដុះខាត់សមត្ថភាពដែលមាន​ស្រាប់​ឱ្យកាន់តែពូកែ។ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់នៃប្រទេសជាតិដែលពោរពេញដោយសន្តិភាពនិងអភិវឌ្ឍនភាពនេះ។

ក្នុងឱកាសនោះដែរ អ្នកប្រាជ្ញវ័យក្មេង ស៊ាប ឈៀងហេងក៏បានសម្តែងជាតួអង្គ ធនញ្ជ័យបញ្ចេញសមត្ថភាពផ្នែកសុភាសិតបានយ៉ាងល្អ។ ទន្ទឹមនឹងនេះ កុមារា ឈៀងហេងបានសម្តែងក្តីរំភើបរីករាយឥតឧបមាដោយទទួលបានការ​លើកទឹកចិត្តយ៉ាងកក់ក្តៅ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ហើយសូមប្តេជ្ញា​ខិតខំសិក្សារៀនសូត្រឱ្យបាន​ពូកែ​ធ្វើជាកូនល្អ​ សិស្សល្អ​ ពលរដ្ឋល្អនៅក្នុងសង្គម​ ដើម្បីឆ្លើយតបនឹងសេចក្តីស្រឡាញ់​ និងការលើកទឹកចិត្តរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជានៅបានឧបត្ថម្ភថវិកាមួយចំនួន​ដល់ឪពុកម្តាយរបស់កុមារា ស៊ាប ឈៀងហេងសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពរស់នៅ និងចិញ្ចឹមបីបាច់ដល់កូនៗទាំងពីរនាក់ផងដែរ៕ Source: Thmeynews